ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Saturday, September 21, 2013

ខ្លួនទីពឹងខ្លួន



កាលពុទ្ធសម័យមានរឿងមួយដែលបានកើតឡើងនៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅឡើយ ។ សម័យមួយនោះ ទ្រង់គង់នៅមជ្ឍមណ្ឌលដ៏ធំមួយនៅក្នុងទីក្រុង សាវថី ជារាជធានី នៃប្រទេស កោសល ។
បុព្វជិត និងដូនជី ជាច្រើនអង្គ តែងតែចូលមករៀនវិបស្សនាអំពីសំណាក់
ព្រះអង្គ ។ ជនគ្រហស្ថប្រុសស្រីជាច្រើន តែងតែចូលមករៀន បច្ចេកទេសន៏
នេះពីសំណាក់ព្រះអង្គដែរ ហើយបានទទួលផលប្រយោជន៍ ។
បុរសម្នាក់ តែងតែទៅស្ដាប់ព្រះធម្មទេសនា រាល់ពេលល្ងាច តែមិនព្រម
បដិបត្ដិធម៌នោះទេ ។ នាពេលល្ងាចមួយនោះ គាត់បានចូលមកមុនគេ ហើយបាន
ឃើញព្រះពុទ្ធ គង់នៅតែមួយព្រះអង្គឯង ។ គាត់បានចូលទៅរកព្រះអង្គ ហើយថ្វាយ
បង្គំទូលថា «« …បពិត្រ ព្រះករុណាថ្លៃវិសេស !!! មានសំណួរមួយចេះតែមក
រំខានដល់ទូលបង្គំ   ហើយទូលបង្គំរារែក មិនហ៊ានទូលសួរព្រះអង្គនៅពេលដែលមាន
មនុស្សច្រើននោះទេ ។ ឥលូវ ព្រះអង្គគង់នៅតែមួយព្រះអង្គគត់ ដូច្នេះ សូមទ្រង់
ព្រះមេត្ដាប្រោស អនុញ្ញាតិឲ្យទូលបង្គំ សួរសំណួរនេះផងចុះ »»
ព្រះពុទ្ធទ្រង់តប «« …សាធុ សាធុ សាធុ ល្អហើយមាណព !
រឿងធម៌ មិនត្រូវឲ្យមានការងឿងឆ្ងល់ក្នុងចិត្ដណាមួយនោះឡើយ ចូរអ្នកសួរ
មកចុះ …»»» បុរសក៏ថ្លែងថា ««« …ទូលបង្គំបានចូលមកកាន់ទីនេះ ជាច្រើនឆ្នាំ
មកហើយ ។ បានយល់ឃើញការបង្រៀនរបស់ព្រះអង្គថា ជាការបង្រៀនល្អប្រពៃ
ខ្លាំងណាស់ !!! ប៉ុន្ដែ ទូលបង្គំបានពិនិត្យមើលមនុស្ស ដែលបានចូលមករៀនទីនេះ
ហើយបានសង្កេតឃើញថា មានអ្នកខ្លះ ពិតជាបានរួចរដោះ បានត្រាស់ដឹងពេញបរិបូរណ៍
ប្រាកដមែន ។ ចរិយាមារយាទ របៀបរស់នៅ ការប្រាស្រ័យទាក់ទង់ជាមួយអ្នកដទៃ
គ្រប់កាលៈទេសៈ បង្ហាញឲ្យឃើញច្បាស់ណាស់ថា ពួកគេជាមនុស្ស ដែលបានរួច
រដោះ តែមនុស្សមួយចំនួនទៀត មិនទាន់រួចរដោះ ពេញបរិបូរណ៍ នៅឡើយទេ
ប៉ុន្ដែមានការផ្លាស់ប្ដូរយ៉ាងច្រើន បានកើតឡើងនៅក្នុងជីវិតរស់នៅ របស់ពួកគេ ។
ទូលបង្គំ បានសង្កេតឃើញថា ការផ្លាស់ប្ដូរទៅរកផ្លូវល្អជាច្រើន បានកើតឡើង
ក៏ប៉ុន្ដែព្រះករុណាថ្លៃវិសេស មានមនុស្សជាច្រើន ដូចជា ទូលបង្គំជាដើម
គ្មានការផ្លាស់ប្ដូរអ្វីសោះ ! ទូលបង្គំ នៅតែដដែល ដូចពេលពីមុន ។
សំណួររបស់ទូលបង្គំគឺថា ៖ ព្រះអង្គ មានឫទ្ធិអំណាចខ្លាំងណាស់ ព្រះអង្គមានព្រះទ័យ
អាណិតអាសូរខ្លាំងណាស់ បើមានគេមករកព្រះអង្គ ជាទីពឹង ហេតុអ្វីក៏ព្រះអង្គ មិនប្រើ
ឫទ្ធិអំណាច បើសេចក្ដីអាណិតអាសូររបស់ព្រះអង្គទាំងអស់ ដើម្បីរំដោះពួកគេ
ទាំងអស់នោះផង ??? ហេតុអ្វី ក៏នៅមានអ្នកខ្លះ នៅមិនទាន់បានរួចរដោះ
ឬក៏រួចរដោះបានតែពាក់កណ្ដាល ? ព្រះករុណាថ្លៃវិសេស !
នេះហើយ ជាសំណួរដែលចេះតែមករំខានដល់ទូលបង្គំ »»»
ព្រះពុទ្ធញញឹម ! នេះហើយ ជាមេរៀនដែលព្រះអង្គ បានបង្រៀនកន្លងមក
ប៉ុន្ដែមនុស្សមិនចង់យល់ តើអោយព្រះអង្គធ្វើដូចម្ដេចកើត ? ដូច្នេះ ព្រះអង្គក៏ពន្យល់
ហើយរបៀបពន្យល់របស់ព្រះអង្គ ខុសពីគ្នាជាដរាប ស្របទៅតាមកំពស់ទឹកចិត្ដ
របស់សិស្ស ដែលបានមកចូលសួរ ។ ជួនកាលព្រះអង្គឆ្លើយជាសំណួរត្រលប់ទៅវិញ
ហើយក្នុងករណីនេះ ព្រះអង្គក៏បានសួរត្រលប់ទៅវិញ 
«««…. ម្នាលមាណព ! តើអ្នកមកពីស្រុកណា ? »»»
ព្រះករុណាថ្លៃវិសេស ទូលបង្គំ មកពីទីក្រុង សាវថី រាជធានីនៃ ប្រទេស កោសល ។
««« …ទេ ទេ  មិនមែនទេ ! បើមើលទៅភិនភាគ មុខមាត់របស់អ្នក បានបង្ហាញឲ្យ
តថាគតឃើញថា អ្នកមិនមែនមកពីស្រុកនេះទេ អ្នកច្បាស់មកពីទីផ្សេង ហើយមក
តាំងរស់នៅក្នុងស្រុកនេះហើយ »»»
ព្រះករុណាថ្លៃវិសេស ត្រូវមែនហើយ ។ តាមពិត ទូលបង្គំ ជាអ្នកស្រុក មគធៈ
នៃក្រុងរាជគ្រឹះ ។ ទូលបង្គំ បានមកតាំងទីរស់នៅទីនេះ កាលពី ពីរបីឆ្នាំមុននេះឯង ។
««« …ល្អហើយ មាណព ដោយបានមករស់នៅទីនេះ  …តើអ្នកបានផ្ដាច់ការទាក់ទង
ជាមួយក្រុង រាជគ្រឹះ ជាមួយស្រុកមគ្គធៈ អស់ហើយឬ ? តើអ្នកឈប់ទៅកាន់ទីនោះទៀត
ហើយឬអ្វី ? »»»
ក្រាបទូលមិនដូច្នោះទេ !ទូលបង្គំ នៅតែទៅមកទីនោះ ទូលបង្គំ មានបងប្អូន
មានមិត្ដភក្ដិហើយថែមទាំងមាន មុខរបររកស៊ីនៅទីនោះថែមទៀតផង ។ ជារៀងរាល់ឆ្នាំ
ទូលបង្គំតែងតែទៅទីក្រុង រាជគ្រឹះ ជាញឹកញយណាស់ ។
««« ..ឱ​! តថាគត ដឹងហើយ ! អ្នកចេះតែធ្វើដំណើរពីទីនេះ ទៅរាជគ្រឹះ ..
ដូច្នេះ អ្នកប្រាកដជាស្គាល់ផ្លូវ ពីទីនេះ ទៅរាជគ្រឹះច្បាស់លាស់ណាស់ ពីព្រោះអ្នកបាន
ដើរឆ្លងកាត់ផ្លូវនេះជាច្រើនដងណាស់មកហើយ »»»
ព្រះករុណាថ្លៃវិសេស ប្រាកដមែនហើយ ។ ទូលបង្គំ ស្គាល់ផ្លូវនេះច្បាស់ណាស់ ។
««« ..ឥលូវនេះ ចូរប្រាប់ តថាគត មកមើល៏ ….ដោយបានមកតាំងទីរស់នៅទីនេះ
អ្នកត្រូវតែមានមិត្ដភក្ដិច្រើនណាស់ ហើយចំណោមមិត្ដភក្ដិទាំងនោះ មានអ្នកខ្លះប្រែជាមិត្ដ
ដ៏ជិតស្និទ្ធរបស់អ្នកផង តើមែនទេ ? »»»
ព្រះករុណាថ្លៃវិសេស ប្រាកដមែនហើយ ។ មានអ្នកខ្លះ ប្រែជាមិត្ដដ៏ជិតស្និទ្ធរបស់ទូលបង្គំ ។
«««…ដូច្នេះ មិត្ដដែលជិតស្និទ្ធនឹងអ្នក ប្រាកដជាដឹងថា អ្នកមិនមែនជាអ្នកស្រុករស់នៅ
ទីនេះទេ ។ តាមការពិត អ្នកមកពី មគ្គធៈ នៃក្រុងរាជគ្រឹះ ហើយបានមកតាំងទីរស់នៅទីនេះ
ហើយគេដឹងទៀតថា អ្នកនៅតែធ្វើដំណើរជាច្រើនដងណាស់ក្នុងមួយឆ្នាំៗ..
តើប្រាកដមែនទេ ? »»»
ព្រះករុណាថ្លៃវិសេស ប្រាកដមែនហើយ
««« ដូច្នេះ អ្នកទាំងអស់នោះ ដឹងថា អ្នកពិតជាស្គាល់ផ្លូវពីទីនេះ ទៅក្រុងរាជគ្រឹះ
ច្បាស់ណាស់ »»» ព្រះករុណាថ្លៃវិសេស ប្រាកដមែនហើយ ។
«««ហើយមិត្ដខ្លះ ច្បាស់ជាសួរអ្នកថា តើផ្លូវនោះវាយ៉ាងម៉េច ? តើអ្នកទុករឿងនោះ
ជាការសំងាត់ ឬក៏អ្នកពន្យល់គេ ? »»»
ព្រះករុណាថ្លៃវិសេស ឥតមានការអ្វីជាសំងាត់ទេ ។ ទូលបង្គំ តែងតែនិយាយពន្យល់ប្រាប់គេ
ច្បាស់លាស់ណាស់ថា អ្នកឯង ត្រូវចាប់ផ្ដើមពីទីនេះ ..ចាប់ពី សាវថី ឆ្ពោះទៅទិសខាងកើត ..
អ្នកដើរតាមផ្លូវនេះ តាមផ្លូវនោះ រួចបត់តាមនេះ បត់តាមនោះ អ្នកចេះតែដើរផ្លូវនេះ
តទៅ អ្នកនឹងទៅដល់រាជគ្រឹះ ។ ទូលបង្គំ និយាយពន្យល់ប្រាប់ផ្លូវ ទាំងស្រុងយ៉ាងច្បាស់ណាស់​ ។
««« ម្នាលមាណព ….នេះមានន័យថា នរណាម្នាក់ដែលបានស្ដាប់ការនិយាយពន្យល់ផ្លូវ
របស់អ្នករួចហើយ  អ្នកនោះត្រូវតែបានទៅដល់រាជគ្រឹះ តើមែនទេ ? »»»
ព្រះករុណាថ្លៃវិសេស បើអ្នកណាមិនបានដើរនៅលើផ្លូវនេះទេ គេមិនបានទៅដល់
ក្រុងរាជគ្រឹះឡើយ ព្រះអង្គ ។
««« ម្នាលមាណព នេះហើយ ជាអ្វីដែលតថាគត និយាយពន្យល់ជារៀងរាល់ថ្ងៃ ។
មនុស្សជាច្រើន បានដឹងយ៉ាងច្បាស់ថា​ នៅទីនេះមានបុគ្គលមួយអង្គ បានរួចរដោះពេញ
បរិបូរណ៍ ដែលបានទៅដល់ទីដៅបំផុតហើយ ។ គេបានចូលមករក តថាគត ហើយសួរថា
មាគ៌ាយ៉ាងម៉េច ? តថាគត មិនដែលបានទុករឿងនេះ ជាការសំងាត់ទេ តថាគត
បានពន្យល់ប្រាប់គេយ៉ាងច្បាស់ណាស់ថា អ្នកត្រូវតែដើរតាមរបៀបនេះ ហើយអ្នកនឹងបាន
ទៅដល់ដំណាក់នេះ ដំណាក់នោះ ហើយបើអ្នកចេះតែខំដើរជាបន្ដទៅទៀត នោះអ្នកនឹងបានទៅ
ដល់គោលដៅទីបំផុតហើយ ។ បើអ្នកណាម្នាក់បានលឺ ហើយគ្រាន់តែនិយាយ ៣ម៉ាត់ថា
សាធុ សាធុ សាធុ រួចថ្វាយបង្គំ ៣ ដង តែមិនបានដើរមួយជំហានសោះនៅលើមាគ៌ា តើ
អ្នកនោះធ្វើដូចម្ដេចនឹងទៅដល់ទីដៅបំផុតទៅបាន ? តើឲ្យ តថាគត ធ្វើដូចម្ដេច ? តថាគត
បានបង្ហាញមាគ៌ា តថាគត បានបំពេញកិច្ចការរួចហើយ  »»»
ដូច្នេះ អ្នកណាដែលបានចាប់ផ្ដើមដើរនៅលើមាគ៌ា អ្នកណាបានឈានមួយ
ជំហាន អ្នកនោះបានចូលជិតគោលដៅបានមួយជំហាន ។ អ្នកណាបានដើរ ១០០ ជំហាន
អ្នកនោះបានចូលជិតគោលដៅបាន១០០ ជំហាន ។ អ្នកណាបានដើរគ្រប់ជំហានទាំងអស់
អ្នកនោះ មុខជាបានទៅដល់គោលដៅទីបំផុត  ។ មនុស្សម្នាក់ៗ ត្រូវតែដើរនៅលើ
មាគ៌ា ឥតមានអ្នកដទៃ អាចដើរជំនួសបានទេ ។ បើសិនជាខ្ញុំស្រេកទឹក ហើយមាន
អ្នកដទៃផឹកទឹកជំនួស ខ្ញុំមិនបាត់ស្រេចទឹកនោះទេ ។ ដើម្បីឲ្យបាត់ស្រេក ខ្ញុំត្រូវតែផឹកទឹក
ដោយខ្លួនឯង ។ បើខ្ញុំឈឺ ហើយមានអ្នកដទៃលេបថ្នាំជំនួស នោះខ្ញុំមិនបានជាសះស្បើយទេ
ខ្ញុំត្រូវតែលេបថ្នាំដោយខ្លួនឯង ។
ជាការងាយណាស់ តែយើងនៅតែមិនចង់បដិបត្ដិទៀត យើងចេះតែរងចាំឲ្យ
ឫទ្ធានុភាពចិត្ដល្អណាមួយ ធ្វើអ្វីឲ្យយើង ។ ធ្វើយ៉ាងនេះ មិនបានការទេ !
មនុស្សម្នាក់ៗ ត្រូវតែធ្វើការសង្គ្រោះដោយខ្លួនឯងផ្ទាល់ ។ មនុស្សម្នាក់ៗ ត្រូវតែដើរឲ្យគ្រប់
ជំហានទាំងអស់នៅលើមាគ៌ាដោយខ្លួនឯង ។
កូនជាទីស្រឡាញ់
ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្ត មានការស្មោះត្រង់ និងមានការស្រឡាញ់
យុត្តិធម៌នោះ អ្នកដទៃគេអាចមើលមកថា យើងល្ងង់មិនចេះរកស៊ី មិនចេះចង់មានចង់
បាន មិនចេះឆក់ឱកាស ។ កូនអើយព្រមគេថាទៅចុះ ព្រមឲ្យគេថាល្ងង់ ល្អជាងកូន
ជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌ ។
កូនធ្វើការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃ ស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាត ខ្លះប៉ុន្តែមានការកក់ក្តៅ រស់នៅឃើញមុខគ្នា មិនគិតខ្វល់
ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។ រវាងការមានបានទ្រព្យសម្បត្តិ តែមិនមាន
ការកក់ក្តៅ និងមានការកក់ក្តៅ គ្រាន់តែមិនសូវមានទ្រព្យ ពីរយ៉ាងនេះ
តើកូនជ្រើសរើសយកមួយណា ?
មានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់ទង
យកចិត្តយកថ្លើមអ្នកដទៃ ជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯង ឬក៏ត្រូវ
ស្ទុះទៅលិច ស្ទុះទៅកើត ដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានល្ហែ ឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗ ច្រើនជាងឲ្យដល់គ្រួសារ ឬពុំនោះសោត
ត្រូវប្រឹងប្រែង ព្យាយាមប្រចុបប្រចែង អ្នកតូចអ្នកធំ ដើម្បីផលប្រយោជន៍នោះៗ ។
ដូច្នេះឯង ដែលគាត់ គិតថាខ្លួនគាត់ឆ្លាត បានជាភ្លេចថា ព្រោះការឆ្លាតរបស់ខ្លួន នោះឯងបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានបានពេល
សម្រាក និងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។
  កូនអើយ ពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ ប៉ុន្តែមិនមែនឲ្យ
តែមានប្រាក់ គឺមានសុភមង្គលមានភាពកក់ក្តៅក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។ មានស្រ្តីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បត្តិ មានសុទ្ធតែរបស់ល្អរបស់ថ្លៃ ប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនោះឯង ។
មនុស្សដែលគិតថាខ្លួនឯងឆ្លាត តែមិនមានពេលដេកនៅផ្ទះ ត្រូវចៅលប្រពន្ធចោល
កូនជារឿយៗ ខ្វះការស្មោះត្រង់មួយនឹងមួយ ខ្វះធម៌សណ្ដោស ល្មោភលោភ លន់រក
ស៊ីទុច្ចរិត ខ្វះយុតិ្តធម៌ ។ល។ កូនអើយ ក្នុងរឿង ទាំងអស់នេះ បើគេថាកូនល្ងង់មែនទែន ព្រោះមិនចេះដូចគេ គឺជាការល្អណាស់ ។ កូនចេះត្រឹមតែការងាររបស់កូន ដោយទឹកចិត្ត សុចរិតស្មោះត្រង់ គ្រួសារមានការកក់ក្តៅ ដូច្នេះ កូនត្រូវរស់នៅដោយសេចក្តីសុខ
សប្បាយ ក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណា កូន ៕

កូនជាទីស្រឡាញ់

          ក្នុងលោកនេះ មិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវ ឬល្អទៅទាំងអស់
នោះឡើយ ព្រោះថា គឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្ត ហើយក៏មិនមាន
អ្នកណាធ្វើអ្វីៗឲ្យត្រូវចិត្តយើងគ្រប់បែបយ៉ាងនោះដែរ ។ ចំណែកយើងក៏ដូចគ្នា ទោះជាយើងខំធ្វើល្អ
ធ្វើត្រូវទៅគ្រប់យ៉ាងក៏ដោយ ក៏គង់មានគេទាស់ចិត្តនឹងយើងដែរ ។
     អ្នកដទៃគេធ្វើអ្វីខុស មានការខ្វះខាត ឬធ្វើអ្វីមិនត្រូវចិត្តមិនត្រូវអធ្យាស្រ័យ
របស់កូន កូនត្រូវចេះឲ្យអភ័យដល់គេកុំប្រកាន់ កុំខឹងក្រោធ និងកុំទៅឈ្លោះ
ប្រកែក ទាស់ទែងអ្វីនឹងគេឡើយ កូនត្រូវនៅស្ងៀមឲ្យបានល្អ បើមានអ្វីត្រូវ
បកស្រាយ កូនត្រូវមើលឱកាសមើលអ្នកដទៃ ហើយចិត្តរបស់កូនត្រូវតែត្រជាក់
មិនក្តៅក្រហាយ ពិចារណាឃើញហេតុឃើញផល ច្បាស់សិនសឹមនិយាយ ។
កាលកូនឲ្យអភ័យដល់គេហើយ អ្នកដែលសប្បាយចិត្តគឺកូនហ្នឹងឯង ។
ការចងនូវសេចក្តីក្រោធទុក គឺជាការចងដុំភ្លើងនិងចិត្ត ត្រូវគិតអាយាតព្យាបាទ
គិតរកឧបាយបៀតបៀនគេរឿយៗជាដើម មានតែអាក្រក់ប៉ុណ្ណោះ មិនមាន
អ្វីល្អឡើយ ។ ការឲ្យអភ័យម្យ៉ាងទៀត គឺឲ្យការមិនមានភ័យដល់អ្នកដទៃ
បានសេចក្តីថា ធ្វើខ្លួនរបស់យើងមិនឲ្យមានពិស មិនឲ្យមានភ័យដល់អ្នកដទៃ
មិនបង្កការភ័យខ្លាច សេចក្តីក្តៅក្រហាយផ្សេងៗឲ្យដល់អ្នកណាៗឡើយ ។
កូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តជាគ្នាឯង មិនមានស្នៀតមិនក្រឡេចក្រឡុច
និងជាទីទុកចិត្តរបស់អ្នកដទៃ ធ្វើយ៉ាងនេះ ឈ្មោះថាឲ្យអភ័យ ។
     កូនត្រូវយល់ថា ការឲ្យអភ័យ គឺការឲ្យសេចក្តីល្អដល់ខ្លួនកូនហ្នឹងឯង អ្នកផង
ទាំងពួងគេទុកចិត្ត ប្រគល់ការងារសំខាន់ៗឲ្យកូនធ្វើ ខុសអំពីមនុស្ស
ដែលមានពិស ។ មនុស្សដែលមានពិស ទុកចិត្តមិនបាន ទៅទីណាៗ គេមិន
ចង់ឲ្យចូលជិត នៅក្នុងទីណាៗ គេខ្លាច គេបារម្ភ ធ្វើការអ្វីៗ គេមិនទុកចិត្ត
វាជាការមិនល្អគ្រប់យ៉ាង ចូរកូនកុំជា មនុស្សមានពិស មានភ័យដល់អ្នក
ដទៃឡើយ ។ បើកូនឲ្យអភ័យដល់អ្នកដទៃបាន កូននឹងបានសុខសប្បាយ
បើកូនធ្វើខ្លួនមិនឲ្យមានពិស មានភ័យដល់ អ្នកដទៃបាន កូននឹងនៅ
ក្នុងទីណាក៏នៅបាន មិនមានអ្នកណារង្កៀសភ័យ ព្រួយបារម្ភអ្វីឡើយ
ដូច្នេះកូនត្រូវហ្វឹកហាត់ ឲ្យអភ័យ កុំទៅគិតថា ជាការអន់ខ្សោយ ខូចយស
ខូចសក្តិ ព្រោះការឲ្យ អភ័យនោះ ។ ដោយហេតុតែមនុស្សយើងស្រឡាញ់យស
ស្រឡាញ់សក្តិ ប្រកាន់អំណាចខ្លាំងក្លាពេកទៅហ្នឹងឯង
ទើបត្រូវមកបង្កកម្មពៀរនឹងគ្នា មិនមានទីបំផុត ៕

ជំនូនសម្រាប់ព្រះសម្មាសម្ពុទ្ធ
ថ្ងៃមួយ ក្នុងសម័យពុទ្ធកាល មានលោកតាព្រាហ្មណ៍ចាស់ម្នាក់ មានសេចក្ដីខឹង
ក្រោធជាខ្លាំងចំពោះព្រះសម្មាសម្ពុទ្ធ ។ គាត់មានការប្រឆាំងយ៉ាងពេញទីនឹងការ
បង្រៀនអ្វីម្យ៉ាងរបស់ តថាគត ចំពោះសាសនា របស់គាត់ ។ សមាជិកក្នុងក្រុម
គ្រួសាររបស់គាត់ កូនប្រុស កូនស្រីរបស់គាត់ លែងធ្វើពិធីបូជា ពិធីសាសនា ពិធីបុណ្យអ្វីៗអស់ហើយ ! គេនាំគ្នាមកអង្គុយជ្រុងមួយ ហើយពិនិត្យមើលដង្ហើម
ពិនិត្យមើលវេទនា ! គាត់ឆ្ងល់ថា តើពួកគេកំពុងតែធ្វើអ្វីហ្នឹង ? .. តាចាស់ព្រាហ្មណ៍
គាត់យល់ថា ព្រះតថាគត បានធ្វើឲ្យសាសនា របស់គាត់ សាបរលាបអស់ ហើយគាត់
គិតថា ត្រូវតែទៅពុះបំបែកព្រះកេស របស់តថាគតឲ្យបាន ព្រោះមានតែមធ្យោបាយ
នេះទេ ទើបអាចទប់ អាចបញ្ឍប់ការប្រៀនប្រដៅរបស់ព្រះអង្គបាន ។
គិតគូររួចហើយ គាត់ក៏ចេញតំណើរទៅរកព្រះពុទ្ធ ដោយមានកំហឹងយ៉ាងខ្លាំង ។
គាត់ដើរចូលកាន់តែជិតទៅៗ ហើយចេះតែជេរប្រទេចផ្ដាសា លើព្រះពុទ្ធមិនឈប់ ។
ព្រះពុទ្ធទតឃើញដូច្នេះ ទ្រង់មានបន្ទូលថា …”  ម្នាលលោកតា ! តា ហាក់ដូចជាអន្ទះ
អន្ទែងខ្លាំងណាស់ ! សូមតា អញ្ជើញចូលមក ហើយអង្គុយចុះទៅ យើងនឹងពិភាក្សា
គ្នាអំពីរឿងបញ្ហា របស់តា ។
តាចាស់ បានសម្រេចចិត្ដរួចហើយថានឹងមិនពិភាក្សាជាមួយព្រះអង្គទេ ពីព្រោះព្រះអង្គ
ជាបុគ្គលវ័យឆ្លាតណាស់ នៅពេលណាដែលគាត់ ពិភាក្សាជាមួយទ្រង់នោះ កំហឹងគាត់
នឹងរលាយបាត់ជាមិនខាន ហើយបើកំហឹងរលាយបាត់ គាត់មិនអាចមានចិត្ដហ៊ានពុះ
បំបែកព្រះកេស របស់តថាគត បាននោះឡើយ ! គាត់ ត្រូវតែទុកកំហឹងនេះឲ្យនៅរហូត
តទៅ ។
តាចាស់ ចេះតែដើរចូលទៅៗ ជិតទៅៗ ដោយជេរប្រទេចផ្ដាសា ជានិច្ច ។
ព្រះពុទ្ធត្រាស់សួរបន្ថែមថា …” ម្នាលលោកតា ! ចូរតាគ្រាន់តែឆ្លើយនឹងសំណួរតថាគត
មួយម៉ាត់តែប៉ុណ្ណោះ តើតា ដែលធ្លាប់មានភ្ញៀវមកលេងផ្ទះដែរឬទេ ? …”

តាចាស់ តបទាំងគំរោះគំរើយថា …” អើ !​មាន ! មានច្រើនណាស់ ចូលមកផ្ទះយើង !
តើវាមានរឿងអីទាក់ទងនឹងរឿងនេះ ? ..”
ព្រះពុទ្ធមានបន្ទូលថា ..ឧបម៉ាថា មានភ្ញៀវម្នាក់ យកជំនូនមកជូនតា ហើយតាមិន
ព្រមទទួល តើមានអ្វីកើតឡើងនៅពេលនោះ ?
តាចាស់ តបទាំងកំបុតឆ្កុយថា …” តើមានអីកើតឡើង ? ជំនូន វាត្រូវតែឋិតនៅជាមួយ
មនុស្សនោះទៅ ! 
ព្រះពុទ្ធប្រៀនប្រដៅថា …” លោកតា  ! ត្រង់នេះហើយដែលតថាគត ចង់ប្រាប់អ្នក ។
តា ចូលមកកន្លែងតថាគត ជាភ្ញៀវ  ហើយយកជំនូនជេរប្រទេចផ្ដាសា របស់តាមកផង
តថាគត មិនទទួលយកជំនូននេះទេ ដូច្នេះជំនូននេះ ត្រូវនៅជាមួយលោកតា ។ វា ជា
កម្មសិទ្ធិរបស់លោកតា ! វា មិនមែនជារបស់តថាគតទេ !

សូមសង្ខេបដោយខ្លីតែប៉ុណ្ណេះ ប្រសិនជាមានបំណង ចង់ស្វែងយល់ជាបន្ដនោះ
សូមទាញយកអត្ថបទសំលេងនេះ តាមរយៈ
( ទីនេះ )
«« ពុំមានអ្វីល្អ ឬមិនល្អ នោះសោះឡើយក្នុងពិភពលោកនេះ  …
ប៉ុន្ដែការគិតរបស់មនុស្សបានផ្ដល់តម្លៃអ្វីម្យ៉ាង ឲ្យវាក្លាយជាដូច្នេះ »»
សូមធ្វើការពិចារណា ហើយពិចារណាទៀត កុំបាច់ផ្ដល់សេចក្ដីថាវាជាយ៉ាងណា
នៅពេលនេះ សូមពិចារណាជាមុនសិនចុះ ប្រសិនជា ការគិតរបស់អ្នក ឲ្យតម្លៃ
ថាសមគួរ នឹងទទួលយកបាននោះ សូមទទួលយកទុក ហើយចាប់ផ្ដើមអនុវត្ដ ឲ្យ
ចេញជាផ្លែផ្កា ក្នុងជីវិតរស់នៅ របស់អ្នកចុះ


 កំពូលវិចិត្រករ
              អស់កាលដ៏យូរលង់មកហើយ មានវិចិត្រករម្នាក់
ឈ្មោះ Zeuxis ។ គាត់ មានសមត្ថភាពអាចគូររូបភាពបានយ៉ាងចំណាន
ប្រៀបបីដូចជារូបភាពពិតៗ នោះអញ្ចឹង ។
ថ្ងៃមួយ គាត់បានគូររួបភាពមួយផ្ទាំង ដែលក្នុងរូបនោះ គាត់បានគូររូប
ផ្លៃឈើព្រៃ យ៉ាងដូចបេះបិត ធ្វើឲ្យពពួកសត្វស្លាបជាច្រើន ហើរមកទុំ
ហើយនាំគ្នាចឹកលើរូបគំនូរនោះ ។ ពេលនោះ ធ្វើឲ្យគាត់មានមោទនភាព
ជាខ្លាំង ចំពោះទេព្យកោសល្យ ដ៏ប៉ិនប្រសប់ របស់គាត់ ។
គាត់បាននិយាយថា …” ក្នុងពិភពលោកមួយនេះ ខ្ញុំគឺជាវិចិត្រករតែម្នាក់គត់
ដែលមានសមត្ថភាពអាចគូររូបភាព ដូចរូបពិតៗមានជីវិត អញ្ចឹង
នៅពេលនោះ មានវិចិត្រករ ជើងចាស់ម្នាក់ទៀតដែលមានថ្វីដៃយ៉ាងចំណាន
ផងដែរនោះ គាត់មានឈ្មោះ Parrhasius បានលឺអំពីអំណួតអួតអាងរបស់
Zeuxis ដែលបាននិយាយលើកតំកើនខ្លួន ..គាត់និយាយប្រាប់ខ្លួនឯងថា
គាត់ពិតជានឹងមើលឃើញអ្វីដែលគាត់អាចធ្វើបាន   (
គាត់នឹងធ្វើ
ឲ្យ Zeuxis បានមើលឃើញអ្វី ដែលអស្ចារ្យ ក្នុងលោកនេះ ខ្ពស់ជាងអំនួត
របស់គាត់ ដែលបាននិយាយលើកតំកើនខ្លួនឯង
)
ហេតុនោះហើយ Parrhasius គាត់ក៏បានចាប់គូររួបមួយផ្ទាំង ដែលរួបមួយនោះ
ហាក់ប្រៀបបីដូចជាគ្របដណ្ដប់ ដោយផ្ទាំងវាំងននអញ្ចឹង ..ពេលគូររួចហើយ
គាត់ ក៏បានអញ្ជើញលោក Zeuxis មកមើល ។  លោក Zeuxis គាត់បានខំប្រឹង
មើលរូបមួយផ្ទាំង របស់លោក Parrhasius យ៉ាងយកចិត្ដទុកដាក់ ..ហើយគាត់
បាននិយាយថា .
.” .. សូមលោកជួយទាញ ក្រណាត់វាំងនននោះ ចេញទៅ
ម្យ៉ាងបន្ដិច ដើម្បីបង្ហាញឲ្យខ្ញុំបានឃើញរូបភាព ទាំងមូលនោះផង


លឺដូច្នោះហើយ លោក Parrhasius ក៏សើច ហើយនិយាយប្រាប់លោក Zeuxis
ថា
តាមពិត ក្រណាត់វាំងនននោះ គឺជារូបគំនូរ នោះទេ ” …

លោក Zeuxis បានលឺដូច្នេះ ក៏លាន់មាត់ថា ..
.” អូហ៏ ! លោកបានធ្វើឲ្យខ្ញុំ
ស្គាល់ច្បាស់ហើយនាពេលនេះ ក្នុងលោកនេះ ពិតជាមានវិចិត្រករ ដែល
មានថ្វីដៃ ពូកែជាងខ្ញុំទៅទៀត រូបរបស់ខ្ញុំ អាចត្រឹមតែបន្លំ សត្វស្លាបបា​ន
តែប៉ុណ្ណោះ ..រីចំណែករូបរបស់លោកវិញ អាចបន្លំភ្នែក សូម្បីតែ អ្នកវិចិត្រករ
ដូចជារូបខ្ញុំបាន ..”​


ក្រោយមក លោក Zeuxis ក៏បានគូររូបមួយផ្ទាំងទៀត ដ៏ស្រស់ស្អាត និងមាន
ភាពទាក់ទាញជាទីបំផុត ។ ក្នុងរូបនោះ គាត់បានគូររូប ក្មេងប្រុសម្នាក់
កំពុងកាន់ផ្លែ ស៊េរីមួយចង្កោម ។ នៅពេលដែលគាត់ យករូបភាពនៅទៅ
ភ្ជួរនៅជាប់ជញ្ជាំង ក្រៅទ្វារផ្ទះរបស់គាត់ ស្រាប់តែមានហ្វូងបក្សីជាច្រើន
បានហើរចុះ ហើយនាំគ្នាព្យាយាម ចឹកពាំរូបផ្លែស៊េរីនោះ យកទៅ ។
ឃើញដូចនេះហើយ គាត់ក៏និយាយថា ..” រូបនេះហើយ គឺជាបរាជ័យរបស់ខ្ញុំ
ព្រោះថា ប្រសិនជារូបក្មេងប្រុសម្នាក់នេះ គូរដូចមនុស្សពិតមែននោះ នោះប្រាកដ
ជាហ្វូងបក្សីទាំងឡាយ ភ័យខ្លាចមិនហ៊ានមកក្បែរ រូបមួយផ្ទាំង នេះឡើយ
ភ្នំមួយខ្ពស់  គង់មានភ្នំមួយទៀតខ្ពស់ជាង ក្ដីអំនួតមាននៅទីណា
បរាជ័យ រមែងតាមកៀកកិត ដល់បុគ្គលនោះ

រឿង កញ្ចែ
ជាងពីររយឆ្នាំកន្លងទៅ  មានក្មេងប្រុសម្នាក់ ដែលរស់នៅក្នុងទីក្រុង Boston ។ ក្មេងតូចម្នាក់នោះ ឈ្មោះ Benjamin Franklin

ពេលនោះ  គាត់ទើបតែមានអាយុ ៧ ឆ្នាំប៉ុណ្ណោះ ម្ដាយរបស់គាត់បា​នឲ្យគាត់ នូវកាក់ មួយចំនួន សំរាប់ចាយ ។ ពេលទទួលកាក់រួចហើយ គាត់បានសួរទៅម្ដាយរបស់គាត់ថា ៖ ម៉ែ ! តើកូនគួរធ្វើ
យ៉ាងណាដែរ ចំពោះ ដុំទង់ដែងទាំងនេះ ( កាក់លុយ ) ? ….ពីព្រោះនោះ ជាលើកតំបូងហើយ ដែលគាត់ មានកាក់សម្រាប់ចាយវាយ ដូចគេឯងដទៃៗ ។
ម្ដាយគាត់ ប្រាប់ថា ៖ កូនអាចយកវា ទៅទិញអ្វីៗ ដែលកូនចង់ទិញណា កូនប្រុស !  … Benjamin សួរបន្ដទៀតថា ៖ ចឹង ! តើម៉ែអាចឲ្យកូន មួយចំនួន ថែមទៀតបានដែរទេ ( ក្មេងកំហូច )

ម្ដាយ ក៏យកដៃអង្អែលក្បាលរបស់គាត់ ហើយនិយាយថា ៖ ទេ ! Benjamin  ! ម៉ែ មិនអាចឲ្យកូន បន្ថែមបានទៀតទេ ..ដូច្នេះកូនត្រូវតែចាយវាយ កាក់ទាំងនេះ ឲ្យបានល្អណា៎ ! ពេលបា​ន
ស្ដាប់អ្នកម្ដាយ និយាយចប់ កុមារដ៏តូចម្នាក់នេះ ក៏រត់ចេញទៅបាត់ .. កាលនោះ គាត់យល់ថាខ្លួនរបស់គាត់ ដូចជាអ្នកមានមួយរូបអញ្ចឹង ព្រោះតែសំលេងក្រឹកៗ នៃដុំកាក់ ដែលនៅក្នុងហោប៉ាវ របស់គាត់ ។
Boston គឺជាទីក្រុងដ៏ធំមួយ ប៉ុន្ដែនៅគ្រានោះ វាគ្រាន់តែជាទីក្រុងតូចមួយ ប៉ុណ្ណោះ ហើយក៏ពុំសូវជាមាន ហាងទំនិញលក់ដូរ អ្វីច្រើននោះដែរ កុមារតូច Benjamin  រត់លេងចុះឡើងក្បែរផ្លូវក្នុងទីក្រុង មួយសន្ទុះ ក៏នឹកឆ្ងល់ថាតើគាត់គួរតែទិញអ្វី ? គួរតែទិញ
ស្ករគ្រាប់ ព្រោះគាត់មិនសូវបានហូប  ឬមួយគួរតែទិញប្រដាប់ប្រដារក្មេងលេង ប្រសិនគាត់ ជាកូនតែម្នាក់នៅក្នុងគ្រួសារ រឿងអ្វីៗ ប្រហែលប្លែកពីគ្នា ប៉ុន្ដែនេះគាត់មានបងប្រុស
និងស្រី រហូតដល់ទៅ ១៤ នាក់ និងប្អូនស្រី ២ នាក់ទៀត ។
ហ៊ើយគ្រួសារខ្ញុំអីក៏ធំម្លឹងៗហ្ន៎ឪពុកខ្ញុំគាត់ក៏មិនមែនជាអ្នកមានអ្វីហ្នឹងគេចឹងមិនបាច់ចាំឆ្ងល់ទេ គឺក្មេងប្រុសមិនដែលមានរបស់របរលេង នោះឡើយ ! … Benjamin  អត់មានដើរទៅណាឆ្ងាយនោះឡើយ គាត់នៅតែដើរក្រវឹលក្រវែលក្បែរៗនោះ ក៏មកជួបនឹងក្មេងប្រុស ដែលមានអាយុ និងមាឌរាងធំ ជាងគាត់បន្ដិច ដែលកំពុងតែផ្លុំ
កញ្ចែ  .. Benjamin ឃើញហើយ ក៏និយាយថា ៖ ខ្ញុំ សង្ឃឹមថា ខ្ញុំនឹងអាច
មានកញ្ចែមួយដូចអ្នកដែរ !
ក្មេងប្រុស រាងមាឌធំនោះ សំលឹងមើលមក Benjamin  ហើយក៏ផ្លុំកញ្ចែជាថ្មីម្ដងទៀត ហើយតាំងឧទានឡើងថា ៖ ឱ ! សំលេងកញ្ចែនេះពិតជាពីរោះ មែនហ្ន៎ !!!  … Benjamin ឃើញហើយ ក៏និយាយទៅកាន់ក្មេងរាងមាឌធំនោះថា ៖ ខ្ញុំ មានកាក់មួយចំនួន ! ខ្ញុំនឹងអោយទៅអ្នកទាំងអស់ ប្រសិនជាអ្នកឲ្យកញ្ចែមួយនោះ មកឲ្យខ្ញុំ

ក្មេងប្រុស មាឌធំ នោះក៏និយាយថា ៖ អូខេ ! នេះជាការឲ្យតម្លៃ ដ៏ល្អសមរម្យមួយ ! ហើយគាត់ ក៏ឲ្យកញ្ចែទៅ Benjamin  និងយកកាក់ទាំងអស់ របស់ Benjamin  វិញ ។
Benjamin  ក្មេងតូចគួរឲ្យអាណិត ពិតជារីករាយមែនទែន ព្រោះគាត់ទើបតែអាយុ ៧ ឆ្នាំប៉ុណ្ណោះ ! គាត់រត់មកផ្ទះយ៉ាងលឿន ..រត់បណ្ដើរផ្លុំកញ្ចែបណ្ដើរ យ៉ាងសប្បាយរីករាយជាខ្លាំង !  ពេលមកដល់ផ្ទះ Benjamin និយាយប្រាប់ទៅម្ដាយរបស់គាត់ថា ៖ ម៉ែ ! អំបាញ់មិញ
ខ្ញុំទិញបាន កញ្ចែមួយ ..វាស្អាត និងមានសំលេងពីរោះណាស់ !

អ្នកម្ដាយឃើញហើយ ក៏សួរទៅ កុមារតូច Benjamin ថា ៖ ចុះកូនប្រុសទិញកញ្ចែនោះ ក្នុងតម្លៃប៉ុន្មានដែរ ? … Benjamin  ជម្រាបម្ដាយវិញថា
គឺកាក់ទាំងអស់ ដែលម៉ែ ឲ្យកូន ” … ម្ដាយកុមារតូច ហួសចិត្ដហើយ
ឧទានឡើងថា ៖ អូហ៏ ! Benjamin កូនសម្លាញ់មាសម្ដាយ !
បងប្រុសម្នាក់ របស់ Benjamin បានសុំមើលកញ្ចែមួយនោះ ពេលមើល
រួចហើយ ក៏និយាយប្រាប់ Benjamin ថា ៖ Benjamin ប្អូនប្រុស បង ! ប្អូន
បានចំណាយកាក់ទាំងអស់ ដើម្បីតែ កញ្ចែមួយនេះ ! តាមពិតទៅ កញ្ចែ
មួយនេះ មានតម្លៃត្រឹមតែ មួយកាក់ ប៉ុណ្ណោះ .. ហើយមួយនេះ ជាកញ្ចែ
កញ្ចាស់ទៀតផង ..។ ម្ដាយ Benjamin  ក៏និយាយបន្ថែមថា ៖ កូនប្រុសម៉ែ !
កាក់ដែលម៉ែ បានឲ្យកូន គឺអាចទិញកញ្ចែថ្មីៗ បានដល់ទៅ ៧ ឬ៨ ឯណោះ !

កុមារតូច Benjamin បានយល់អំពីកំហុសរបស់ខ្លួន ហើយលែងសប្បាយចិត្ដ
ជាមួយនឹងកញ្ចែនោះទៀតហើយ ក៏គ្រវាត់ចោល កញ្ចែនោះទៅនឹងដី
ហើយតាំងដាក់គូថអង្គុយចុះ យំ ឡើងមួយចាស់ដៃ លាន់សូរ ហ៊ូៗៗៗ ។
ម្ដាយកុមារតូចឃើញដូច្នេះហើយ ក៏និយាយលួងលោម Benjamin  ថា ៖
មិនអីទេ ! មិនអីទេ ! កូនប្រុសសំឡាញ់មាសម្ដាយ ពីព្រោះតែកូននៅ
ក្មេងពេក ..ហេតុនេះហើយ ចូរកូនចងចាំអំពីមេរៀន នាគ្រានេះណា៎ !
ពេលដែលកូនធំឡើង មេរៀនដែលកូនប្រុសបានរៀននៅថ្ងៃនេះ នឹងលែង
ធ្វើឲ្យកូនចំណាយដុំកាក់ដ៏ច្រើនសំរាប់ កញ្ចែកញ្ចាស់មួយនេះ
ទៀតនោះឡើយ …. កុមារតូច Benjamin  ក៏បានចងចាំអំពីមេរៀនមួយនេះ
រហូតដល់ពេលគាត់ ក្លាយជាមនុស្សចាស់
អ្នកទាំងអស់គ្នា សូមចងចាំថា … Benjamin Franklin គឺជាអ្នកគិត និងអ្នកធ្វើ
ដ៏អស្ចារ្យម្នាក់ ក្នុងប្រវត្ដិសាស្រ្ដ របស់សហរដ្ឋអាមេរិក ..គាត់ ហើយនិងលោក
ចច វ៉ាស៊ិនតោន បានចូលរួមជួយ សហរដ្ឋអាមេរិក ឲ្យមាន សុខសន្ដិភាព..៕
« បរាជ័យ មិនមែនជារបស់អ្នកចាញ់ ប៉ុន្ដែជារបស់អ្នកខ្លាចចាញ់ »
កំរងអត្ថបទ រៀនបកប្រែ
សូមអរគុណ

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ