ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Saturday, May 25, 2013

ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​​ជាង​​១​សែន​ទំព័រ​ ត្រូវ​បាន​ដាក់​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​


ឯកសារ​​ប្រវត្តិសាស្ត្រ​វប្បធម៌ និង​​អរិយធម៌​ខ្មែរ​ជាង​១​សែន​​ទំព័រ​ ដែល​ត្រូវ​បាន​បើក​កាយ​រើ​ឡើង​វិញ​ដោយ​លោក​បណ្ឌិត​ មីសែល​ ត្រាណេ​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​​និង​វប្បធម៌​ខ្មែរ​ ត្រូវ​បាន​​ដាក់​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ចាងហ្វាង​កាសែត​​ អនឡាញ​ Cambodia Express News និង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក​ ប៉ែន​ សមិទ្ធិ​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​​ឯ​ក្លឹប​អ្នក​កាសែត​​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា​ បច្ចេកវិទ្យា​ព័ត៌មាន​នឹង​​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​​ស្ដុក​ទុក​​នូវ​ឯកសារ​​ជា​ច្រើន។ លោក​ថ្លែង​ថា "រឿងរ៉ាវ​គ្រប់​យ៉ាង​ ​ដែល​មាន​ទាក់ទង​ និង​អត្តសញ្ញាណ​ខ្មែរ​ នឹង​ត្រូវ​​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​មាន​​អាសយដ្ឋាន​ www.cen.com.kh "។

លោក​ ប៉ែន​ សមិទ្ធិ​ បញ្ជាក់​ទៀត​ថា​ កាសែត​អនឡាញ​ នឹង​ក្លាយ​ទៅ​ជា​​ឃ្លាំង​ស្ដុក​រាល់​ទិន្នន័យ​ ​និង​ឯកសារ​ប្រវត្តិសាស្ត្រ​ និង​អរិយធម៌​របស់​កម្ពុជា​ ហើយ​ក្រុម​ការងារ​របស់​លោក​ កំពុង​ប្រមូល​ឯកសារ​​ដែល​មាន​សារសំខាន់​​ទាំង​នោះ។ លោក​បញ្ជាក់​ថា​ "វា​ជា​ឱកាស​មួយ​ដែល​​កម្ពុជា​ មាន​ឃ្លាំង​វប្បធម៌​ និង​អរិយធម៌​មួយ​សម្រាប់​​ឲ្យ​ប្រជាពលរដ្ឋ​ និង​​អន្តរជាតិ​​ស្រាវជ្រាវ​ ពី​អ្វី​ដែល​​ជា​របស់​ខ្មែរ​ពិតប្រាកដ"។

លោក​ប៉ែន សមិទ្ធិ​ បាន​ឲ្យ​ដឹង​ថា​ រាល់​ឯកសារ​ប្រវត្តិសាស្ត្រ​ និង​អរិយធម៌​ខ្មែរ​ទាំង​នោះ​ គឺ​សុទ្ធ​តែ​ជា​ការ​ស្រាវជ្រាវ​របស់​បណ្ឌិត​ មីសែល ត្រាណេ​ ដែល​រហូត​មក​ដល់​ពេល​ គឺ​មាន​ជាង​១​សែន​ទំព័រ​ហើយ​​ដែល​​បាន​បង្ហោះ​តាម​វេបសាយ។

លោក​បណ្ឌិត​ មីសែល​ ត្រាណេ​ អាយុ​៦៦​ឆ្នាំ​ ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​ ដែល​បាន​ស្រាវជ្រាវ​ឯកសារ​​ ប្រវត្តិសាស្ត្រ​ខ្មែរ​​ជាង​៤០​ឆ្នាំ​មក​ហើយ​ បាន​ឲ្យ​ដឹង​ថា​​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​​ នៅ​មិន​​ទាន់​បាន​​ស្គាល់​នូវ​វប្បធម៌​ និង​អរិយធម៌​របស់​ខ្លួន​​ ឲ្យ​បាន​ច្បាស់លាស់​​ និង​ស៊ីជម្រៅ​នៅ​ឡើយ​ទេ។ លោក​​បណ្ឌិត​បញ្ជាក់​ថា​ "គ្មាន​វប្បធម៌​ណា​ដែល​ពុំ​​មាន​ការ​ចងចាំ​​នោះ​ទេ"។ ការ​ចងក្រង​ឯកសារ និង​ជីក​កកាយ​នូវ​ប្រវត្តិសាស្ត្រ​ពិតប្រាកដ ដែល​​ស្ទើរ​តែ​កប់​បាត់​ និង​ត្រូវ​រក្សា​ទុក​​ដើម្បី​ជា​ភស្តុតាង​មួយ​ សម្រាប់​​ប្រជាជាតិ​ខ្មែរ​ កូន​ខ្មែរ​និង​អន្តរជាតិ​ ឲ្យ​បាន​ស្វែង​យល់​ តាម​បច្ចេកវិទ្យា​អ៊ីនធឺណិត។

លោក​បណ្ឌិត​ មីសែល​ ត្រាណេ​ បាន​ថ្លែង​ថា​ "ខ្ញុំ​នឹង​ខិតខំ​ស្រាវជ្រាវ​​ឯកសារ​ប្រវត្តិសាស្ត្រ​ អរិយធម៌​ខ្មែរ​បន្ថែម​ទៀត​ នៅ​ចន្លោះ​ពេល​ដែល​ខ្ញុំ​​មាន​ជីវិត​ ដើម្បី​ទុក​នៅ​ក្នុង​ឃ្លាំង​ឯកសារ​ដ៏​សំខាន់​មួយ​នេះ​ ទុក​ឲ្យ​កូន​​ខ្មែរ​ជំនាន់​ក្រោយ​ បាន​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ វប្បធម៌​ អរិយធម៌​របស់​ខ្លួន"។ លោក​ថ្លែង​ទៀត​ថា​ ខ្ញុំ​មាន​មហិច្ឆតា​ ឲ្យ​អន្តរជាតិ​ បាន​ស្គាល់​​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ និង​អរិយធម៌​ខ្មែរ​ពិតប្រាកដ។ ខ្ញុំ​មាន​​មហិច្ឆតា​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ វា​ជា​អាវុធ​មួយ​ដែល​​គ្មាន​ផ្សែង​ សម្រាប់​អភិវឌ្ឍន៍​ប្រទេស"។

លោក​ប៉ែន​ សមិទ្ធិ​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ ចូល​រួម​វិភាគទាន​​នៅ​ក្នុង​ការ​ថែរក្សា​​ប្រវត្តិសាស្ត្រ​វប្បធម៌​ និង​អរិយធម៌​ខ្មែរ​ ទាំង​ការ​ផ្ដល់​នូវ​ឯកសារ​នានា​ និង​ថវិកា​មួយ​ចំនួន​ ដើម្បី​​ជា​ការ​ជួយ​ដល់​ដំណើរការ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​ មីសែល​ ត្រាណេ៕

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ