ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Thursday, May 23, 2013

មរតក​របស់​ម៉ែ​ឪ


មានអ្នកដែលតែងតែពោល ទំនងជាអន់ចិត្តថា “ខ្លួនជាមនុស្សអភ័ព្វ ព្រោះម៉ែឪ ជីដូនជីតាមិនបានឲ្យនូវមរតក​ដូចជាអ្នកដទៃ ម៉្លោះហើយត្រូវប្រឹងប្រែងដោយកម្លាំងរបស់ខ្លួនឯង” ។

តាមពិត អ្នកដែលពោលដូច្នេះ គឺជាអ្នកមានការយល់ខុសទៅលើការពិត ព្រោះគ្រប់គ្នាសុទ្ធតែបានទទួលនូវមរតក​ពីបុព្វជនរបស់ខ្លួនដូចៗ គ្នា គឺបានអវយវៈខ្លួនប្រាណដៃជើងក្បាលមុខមាត់ រហូតដល់សតិបញ្ញាដែលមាតាបិតា​បានបង្វឹកបង្ហាត់ ។ តិចគ្នាណាស់ដែលកើតមកហើយ ត្រូវពិកល្យពិការខុសធម្មតានោះ ។

អវយវៈរាងកាយព្រមដោយសតិបញ្ញាដែលគ្រប់គ្នាបានមាននេះនោះ ជាសម្បត្តិដ៏ប្រសើរជាទីបំផុត គឺវិសេសជាង​ទ្រព្យមរតកណាៗ ទាំងអស់ ព្រោះគ្រប់គ្នាបានប្រើសម្បត្តិដែលជាប់តាមខ្លួននេះ ធ្វើការចិញ្ចឹមជីវិតខ្លួនឯងបានជា​រៀងរហូត ទាំងជាគ្រឿងសាងសេចក្តីសុខដែលពិតប្រាកដឲ្យដល់ខ្លួនឯងទៀតផង ។

មាសប្រាក់ផ្ទះសំបែងទីកន្លែងស្រែចម្ការ ដែលសន្មតថាជាសម្បត្តិនោះ រមែងមានវិបត្តិផ្លាស់ប្តូរប្រែប្រួលជាខាង​ក្រោយ ទាំងមិនអាចនាំយកទៅទិញដូរឲ្យបាននូវសេចក្តីស្ងប់ចិត្តផងឡើយ ។ ចំណែករាងកាយសតិបញ្ញាជា​ទ្រព្យសម្បត្តិជាប់តាមខ្លួន បើអ្នកមានបញ្ញានាំយកទៅប្រើឲ្យជាប្រយោជន៍ រមែងទទួលបាននូវសេចក្តីស្ងប់ចិត្ត ដែលចាត់ថាជាសេចក្តីសុខដែលពិតប្រាកដរហូតតទៅ ។

ព្រោះដូច្នោះ យើងចូររីករាយចិត្តក្នុងសម្បត្តិដែលខ្លួនមានដោយការនឹករលឹកយ៉ាងធ្ងន់ចិត្តថា “រាងកាយ អវយវៈ សតិបញ្ញា និងជីវិត ទាំងអស់នេះសុទ្ធតែជាមរតករបស់មាតាបិតានៃយើង ដែលលោកបានប្រគល់ឲ្យមក” ហើយ​ចូរព្យាយាម ប្រើប្រាស់គ្រប់យ៉ាងនូវរបស់ដែលមានឲ្យកើតប្រយោជន៍ពិតប្រាកដដល់ខ្លួនឯង កុំរវល់តែអង្គុយគិត ដេកគិត ហើយអន់ចិត្តថាខ្លួនអភ័ព្វ ដែលវាជាការនាំឲ្យខូចពេលវេលា ប្រាសចាកនូវប្រយោជន៍ ។

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ