ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Tuesday, June 18, 2013

កូនមាសឪពុក: ក្មេងចណ្ឌាល


កូនមាសឪពុក: ក្មេងចណ្ឌាល: សាយណ្ហកាលកំពុងឈានចូលមក ព្រះទិនករកំពុងចរចុះទាបហៀបនឹងលិចដងព្រៃឰដ៏ត្រើយ បច្ឆិមទិសនៃមហានទីអចិរវតី ផ្នត់ពពកដ៏មីរដេរដាសលើដែននភាល័យប៉ែកបច្ឆិមទិសបា..ព្រះពាន់រង្សីចែងចាំងឡើងពណ៌ក្រហមច្រាលរន្ទាលឆ្លាស់ខ្មៅនឹងលឿងគួរឲ្យពិចពិលរមិលមើល ពន់ពេក ។

ហ្វូងបក្សាបក្សីហើរលះបង់ចោលគោចរដ្ឋានជាហ្វូងជាហ្វាយវិលត្រឡប់ទៅកាន់ សម្បុក ចំណែកឯពួកគោបាលឯណោះវិញកំពុងកៀងគោអំពែត្រឡប់ទៅកាន់ភូមិលំនៅឋានរបស់ខ្លួន បោះបង់ចោលក្សេត្រភូមិនិងសំយាបព្រៃឲ្យស្ថិតនៅនាកណ្តាលក្តីស្ងាត់ច្រងំនៃសាយណ្ហកាល ។

ក្សិណនោះ រេវត្តកុមារក្មេងកម្លោះនៃភូមិចណ្ឌាលកំពុងដើរតយង៉យទើលងើលតាម ក្រោយ គោរបស់គេសំដៅឆ្ពោះទៅកាន់ភូមិដែលមើលទៅឃើញលឹមៗនៅខាងមុខឯណោះ សម្បុរ កាយរបស់គេឡើងខ្មៅគគ្រីមគគ្រើម សូចិនាឲ្យឃើញថាជាអ្នកធ្វើការងារធ្ងន់ សម្លៀកបំពាក់ ដាច់ដាចរហែករហុយសឲ្យឃើញទុគ្គតភាពរបស់គ្រួសារ មែនពិត ឪពុករបស់គេ មានមុខ របរ ខាងការកាប់ឧសលក់ រាល់បុព្វណ្ហសម័យ ឪពុកគេតែងបររទេះចូលទៅដងព្រៃ ដើម្បីរកឧស ហើយនិងវិលត្រឡប់មកផ្ទះវិញក្នុងសាយណ្ហសម័យ លុះព្រឹកឡើង ក៏យកឧស ផ្ទុកពេញ រទេះ បរចូលទៅលក់ក្នុងក្រុងសាវត្ថីជាប្រចាំ ហើយក៏វិលត្រឡប់មកវិញមួយអន្លើ ដោយស្បៀងអាហារ និង សម្លៀកបំពាក់បន្តិចបន្តួច ។

ឪពុករបស់រេវត្តកុមារមានមេគោឆ្មាត់ ១ ក្បាល និង គោព្រោះ២ ក្បាលទៀតសម្រាប់ទឹម ។ រេវត្តកុមារតែងតែកៀងគោទាំងនោះទៅបន្ស៊ីតិណជាតិតាមក្សេត្រភូមិ និង សំយាបព្រៃប៉ែក ឧត្តរទិសនៃមហានទីអចិរវតីជាមួយនឹងពួកក្មេងគ្រាមវាសីជាទិនានុទិនជាប់មិនដាច់ ក៏ប៉ុន្តែតាម ធម្មតា រេវត្តកុមារចូលចិត្តនៅម្នាក់ឯងស្ងាត់ៗមិនសូវទៅប្រឡែងលេងជាមួយនឹងមិត្តភក្តិទេ ពីព្រោះក្លើៗទាំងនោះច្រើនតែនាំគេទៅបង្កជម្លោះប្រវាយប្រតប់នឹងពួកក្មេងវណ្ណៈព្រាហ្មណ៍ជា រឿយៗ ជួនកាលដល់ថ្នាក់រងរបួសស្នាមត្រឡប់មកវិញក៏មាន ។ ជម្លោះទាស់ទែងទាំងនេះ បណ្តាលមកពីពួកក្មេងវណ្ណៈព្រាហ្មណ៍បណ្តុះគំនិតស្អប់ខ្ពើមពួកក្មេងចណ្ឌាលដោយសម្តែង អាកប្បកិរិយាមើលងាយមើលថោកដោយប្រការផ្សេងៗ ។

ល្ងាចថ្ងៃនេះ គេត្រូវកៀងគោត្រឡប់មកផ្ទះវិញតែម្នាក់ឯង ត្បិតមិត្រសម្លាញ់ដែលឃ្វាលគោជា មួយគ្នាបានវិលត្រឡប់មកផ្ទះវិញយូរហើយ លុះមកដល់កំពង់ទឹកក្បែរភូមិ គេក៏កៀងគោឲ្យចុះផឹក ទឹកហើយខ្លួនឯងក៏ចុះងូតទឹកក្នុងស្ទឹងអចិរវតី ខណៈដែលកំពុងតែស្ថិតនៅក្នុងទឹកនោះ គេមិនភ្លេច នឹងបែរមុខទៅទិសខាងលិចហើយគយគន់មើលព្រះទិវាករពណ៌ក្រហមច្រាលដែលកំពុងចរចុះ អស្តង្គតកាន់ផ្ទៃទឹកនោះទេ ដាក់ដៃទាំងទ្វេពាតនៅចន្លោះដើមទ្រូងហើយក៏សូធ្យមន្តថ្កើងព្រះបារមី នៃព្រះសុរិយទេពជាម្ចាស់រហូតដល់ព្រះទិវាករអស្តង្គតរលត់បាត់ទៅ ទើបយកដៃទាំងពីរក្បង់ទឹក លើកឡើងហើយបង្ហូរចុះវិញព្រមទាំងអធិដ្ឋានសូមជ័យជម្នះចូរកើតមានដល់ខ្លួននិងចណ្ឌាល ទាំង ពួង រេវត្តកុមារតែងតែធ្វើយ៉ាងនេះជាប្រចាំ គេគិតរំពឹងក្នុងចិត្តនៅពេលដែលដើរតាម ក្រោយ គោ ត្រឡប់ទៅកាន់ភូមិវិញថា "ថ្មើរណេះ ពុកមុខជាវិលត្រឡប់មកពីក្រុងសាវត្ថីវិញ ហើយ ព្រឹកមិញនេះ ពុកសន្យាថានឹងទិញភួយថ្មីមកផ្ញើ ថ្មើរណេះ ភួយថ្មីប្រហែលជារងចាំ នៅឯផ្ទះហើយ តាំងពីពេល នេះតទៅ នឹងដេកនៅសុខស្រួលមិនខាន" គេនឹកញញឹមក្នុងចិត្ត កាលបើគិតស្មានថាខ្លួនឯង នឹងបាន ភួយថ្មី ព្រោះគេបានដេកនៅរងាមកតាំងពីដើមហេមន្តរដូវ ម្លេះ ការដែលគេមិនបានភួយថ្មីនៅគ្រាមុន ក៏ព្រោះតែឪពុកមានកិច្ចរវល់ត្រូវចាយវាយទ្រព្យទៅ ក្នុងផ្ទូវដទៃ ទើបប្រាក់មិនគ្រប់គ្រាន់នឹង ទិញ ភួយ​ឲ្យកូនប្រុសជាទីស្រឡាញ់តែមួយគត់របស់ខ្លួន បានទើបនឹងគ្រប់គ្រាន់នៅគ្រានេះឯង លុះ ត្រឡប់ មកដល់ផ្ទះវិញហើយ ជួសនឹងបានភួយថ្មីដូច គេគិតស្មានទុក រេវត្តកុមារបែរជាបាន ទទួល ដំណឹង​ថ្មីមួយដែលគេចាត់ទុកថាជាដំណឹងអាក្រក់ គួរសម ដោយហេតុថា ឪពុកស្រដី ឡើងក្រោយ ពីអាហារពេលល្ងាចថា "នែរេវត្តៈកូន ! ថ្ងៃនេះ លោកសុមង្គលគ្រហបតីឯក្រុង សាវត្ថី ដែលទទួល ទិញ ឧសពុកជាប្រចាំមកយូរហើយនោះ បានមានប្រសាសន៍នឹងពុកថា លោកត្រូវការក្មេងប្រុសម្នាក់ គាត់គិតថ្លៃឈ្នួលឲ្យ ១ ថ្ងៃ ១ កហាបណៈ លោកទទូចឲ្យពុកជួយរកក្មេងឲ្យ ពុកទើបជម្រាបប្រាប់​លោកថា ខ្ញុំប្របាទមាន កូនប្រុសម្នាក់អាយុ ១៥ ឆ្នាំ បើលោកម្ចាស់ត្រូវការ ខ្ញុំប្របាទនឹងនាំមក​ផ្ទុកផ្តាក់ជូន លោក គ្រហបតីប្រាប់ថាបើបានកូនប្រុសរបស់លោក រឹតតែប្រសើរ លោកនឹងគិតថ្លៃ​ឈ្នួល​ឲ្យជា ទ្វេភាគ ពុកបានប្រឹក្សាជាមួយនឹងម៉ែឯងហើយ សម្រេចថា គួរឲ្យឯងទៅ ឯងនឹង​ថា​យ៉ាងម៉េច"រេវត្តកុមារអង្គុយឈ្ងោកមុខចុះស្ងៀម មិនបានឆ្លើយតបថា ​ដូចម្តេចទេ ម្តាយមើល​អាកប្បកិរិយា ទៅដឹងថាកូនប្រុសមិនចង់ទៅ ទើបស្រដីឡើងថា "កូនមាសម្តាយ​! ចូរកូនទៅរស់​នៅនឹង លោកគ្រហបតីចុះ បើកូនទៅរស់នៅជាមួយនឹងលោក ម្តាយគិតថាកូននឹងបានទទួល ប្រយោជន៍​ច្រើនយ៉ាង ប្រាក់ថ្លៃឈ្នួលដែលកូនបានទទួលពីលោកគ្រហបតី បើនៅសល់ពី ការចាយវាយ ក៏សន្សែសន្សំរួបរួមទុកហើយក៏ផ្ញើមកឲ្យឪពុកម្តាយចាយខ្លះ វាជាការជួយ ទំនុក​បម្រុងឪពុកម្តាយចិញ្ចឹមជីវិត ឪពុកឯងនិងម្តាយមួយថ្ងៃៗកាន់តែចាស់ទៅៗ កម្លាំងវាំងជា កាន់តែ​ថមថយខ្សោយចុះរាល់ថ្ងៃ គង់នឹងមិនមានកម្លាំងកំហែងល្មមនឹងធ្វើការរកស៊ីចិញ្ចឹមជីវិត បានល្អ​ដូចមុនទេ ឪពុកម្តាយត្រូវពឹងពាក់អាស្រ័យកូន ម្យ៉ាងទៀត កាលបើកូនចូលទៅរស់នៅ ក្នុងទីក្រុង កូននឹងយល់ដឹងរឿងរ៉ាវផ្សេងៗ ការណ៍នេះកូននឹងបានចំណេះឈ្លាសវៃពិទ័គ្ធក្នុង កុសលោបាយ​រកទទួលទានសម្រាប់ខ្លួនតទៅមុខ មិនបាច់ព្រួយបារម្ភពីឪពុកម្តាយទេ ចូរកូន ព្រួយបារម្ភពី​ខ្លួន​ឯង​ឲ្យមែនទែន យើងទាំងពីរនាក់ចាស់ណាស់ហើយ សេចក្តីសុខសម្រាប់ មនុស្សចាស់គឺ ការដែលបាន​ឃើញ​កូនមាន ចំណេះវិជ្ជា សិរី សម្បត្តិ សុខ ចូរទៅរស់នៅ ជាមួយនឹងលោកគ្រហបតីចុះ ណៈកូន​ ! " និយាយហើយម្តាយក៏យកដៃអង្អែលខ្នងកូនប្រុស ដោយសេចក្តីសន្តោសប្រណី ។ ​​

រេវត្តកុមារនៅស្ងៀមឈឹង ដោយទឹកចិត្តពិត គេមិនចង់ទៅទេ ប៉ុន្តែលុះបានស្តាប់ហេតុផលរបស់ ម្តាយគេហើយ គេក៏ចិត្តទោរទន់ ប៉ុន្តែប្រកែកថា "ប៉ុន្តែលោកគ្រហបតីហ្នឹងជាមនុស្សវណ្ណៈ ព្រាហ្មណ៍​មិនមែនឬ" ឪពុកប្រញាប់ឆ្លើយភ្លាមថា "ត្រឹមត្រូវហើយ ពិតតែលោកជាមនុស្សវណ្ណៈ ព្រាហ្មណ៍មែន តែថាកូនមិនបាច់ខ្វល់ចិត្តថានឹងបានទទួលការប្រមាថមើលងាយពីលោកទេ ពុកបានទាក់ទង​ធ្វើ​ជំនួញ​ជាមួយនឹងលោកអស់កាលយូរអង្វែងរហូតដល់ស្គាល់ចិត្តរបស់លោក ហើយ ពិតតែលោក​ជាមនុស្សវណ្ណៈព្រាហ្មណ៍ដែលកើតពីព្រះឱស្ឋរបស់ព្រះព្រហ្មមែន ប៉ុន្តែលោកមិនប្រកួច​ប្រកាន់​ស្រទាប់វណ្ណៈទេ ចំពោះរឿងនេះ ពុកធានារ៉ាប់រងបាន" ។

នៅទីបំផុត រេវត្តកុមារ​ក៏​ទទួល​ពាក្យ​ឪពុកថានឹងទៅ ប៉ុន្តែមិនមែនទៅដោយស្ម័គ្រចិត្តទេ សុខ​ចិត្តទៅព្រោះតែយោគយល់ដល់ឪពុកម្តាយប៉ុណ្ណោះ រាត្រីថ្ងៃនោះ គេគេងពុំលក់ឡើយ ត្បិត​គិតកណ្តក់ក្នុងចិត្តក្នុងការដែលនឹងត្រូវចូលទៅរស់់នៅក្នុងក្រុងសាវត្ថីត្រង់កណ្តាលហ្វូង មនុស្ស​ចម្រុះវណ្ណៈ សូម្បីបើឪពុកបានធានារ៉ាប់រងហើយថាលោកគ្រហបតីជាមនុស្សល្អ ក៏ដោយ គេអត់​នឹងកាត់ស្មានហេតុការណ៍ទៅក្នុងទុទិដ្ឋិនិយមមិនបាន ពីព្រោះគេធ្លាប់ជួបប្រទះ មកហើយ រួចក៏​ធ្លាប់តស៊ូមកហើយជាមួយនឹងទិដ្ឋិមានះដ៏រឹងរបឹងរបាញរបស់ពួកព្រាហ្មណ៍ អាកាសធាតុ​ថ្ងៃនោះ​រងាខ្លាំងណាស់ ភួយផ្ទាំងតូចរបស់គេដណ្តប់បានផុតមុខផុតក្រោយ គេហាក់នឹងថាកំពុងគេង​លើ​កំពូលភ្នំកៃលាស សព្វបើរងាញ័រញាក់ម្តេចម្តា នៅក្នុងជម្រៅ ដួងចិត្តវិញ គេនៅតែនឹកកក់ក្តៅក្នុង​ចិត្តត្បិតបាននៅនែបនិត្យជិតឪពុកម្តាយបង្កើត កាលបើ ចូលទៅរស់នៅក្នុងទីក្រុងនាកណ្តាល​ជំនុំមនុស្សវណ្ណៈផ្សេងៗហើយ គេនឹងស្រងេះស្រងោច កណ្តោចកណ្តែងអម្បាលណាហ្ន​! រេវត្ត កុមារគិតគន់ពន់រែកក្នុងរឿងនេះរហូតរាត្រីកាល ។

លុះថ្ងៃព្រឹកឡើង រេវត្តកុមារក៏ជម្រាបលាម្តាយរបស់ខ្លួនហើយក៏ដើរតាមក្រោយឪពុកឆ្ពោះទៅ កាន់ក្រុងសាវត្ថី សម្លេងម្តាយគេស្រែកផ្តាំផ្ញើជាលើកចុងក្រោយថា"ទៅនៅជាសុខចុះ កូនមាស
ម្តាយ​! ចូរកុំភ្លេចថាយើងជាមនុស្សចណ្ឌាលដ៏ថយថោក ចូរធ្វើ ខ្លួនឲ្យគត់មត់ស្រគត់ស្រគំ តាំង ចិត្តប្រណិប័តន៍បម្រុងបម្រើលោកគ្រហបតីឲ្យបានល្អ ចូរចាំបណ្តាំរបស់ម្តាយទុក ណៈកូន​ ! " ពាក្យពេចន៍របស់ម្តាយបានក្លាយជាឱសថទិព្វជួយ ស្រោចស្រពដួងចិត្តរបស់គេគ្រប់ពេលវេលា ។.

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ