ស្វាគមន៍​ដែល​បាន​ចូល​មើល​ប្លករបស់​ខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ "អាយកូមហ្វាយ"​ មួយ​គ្រឿង​​ភ្លាមៗ
Yuri's Revenge

Wednesday, July 3, 2013

គិតបែងចែកទើបបែកសាមគ្គី


គិតបែងចែកទើបបែកសាមគ្គី

 “ពេលណាភាពសាមគ្គីប្រែក្លាយទៅជាភាពបែកបាក់ នោះគឺជាសញ្ញានៃការឈានទៅរកជ្រោះ មរណៈហើយ”
មានសត្វលាមួយហ្វូងអាស្រ័យនៅជាមួយគ្នា ជារៀងរាល់ថ្ងៃពួកវាតែងនាំគ្នាចេញទៅរកស៊ីស្មៅ តាមមាត់ព្រៃនិងតាមវាលស្មៅយ៉ាងសប្បាយចិត្ត តែតាមធម្មជាតិរបស់ពួកសត្វលានោះ តែងមាន ការប្តូរទីកន្លែងទៅទីផ្សេងៗ ជានិច្ចពេលណាដែលឃើញថាស្មៅនៅទីនោះកំពុងនឹងអស់ទៅ។
តមកក្នុងឆ្នាំមួយ ហ្វូងលាបានពិភាក្សាយល់ស្របគ្នាថានឹងប្តូរកន្លែងថ្មី លាទាំងអស់ទើបនាំគ្នាដើរ ទៅកាន់កន្លែងថ្មីមួយទៀតដែលជាកន្លែងមានអាកាសធាតុត្រជាក់យ៉ាងខ្លាំង ព្រមទាំងមានភ្លៀង រលឹមស្រិចៗ មិនដាច់ផង ដោយសង្ឃឹមថាកន្លែងថ្មីនេះនឹងមានស្មៅខ្ចីឲ្យពួកខ្លួនបរិភោគគ្រប់ គ្រាន់មិនបាច់មានកង្វល់។
កាលទើបនាំគ្នាប្តូរទីកន្លែងមកថ្មីៗ សត្វលាទាំងអស់ក៏មានសេចក្តីសុខគ្រប់គ្នា ព្រោះកន្លែងថ្មីនេះ ឧត្តមសម្បូរទៅដោយស្មៅជាច្រើនគ្រប់គ្រាន់សម្រាប់សត្វលាទាំងអស់។ លុះស៊ីឆ្អែតហើយក៏នាំ គ្នាដេកសម្រាកកាយយ៉ាងសប្បាយចិត្ត ខ្លះណាក៏បន្ទោរបង់លាមក់នៅបរិវេណនោះ ដោយមិន បាច់កង្វល់ថានឹងមានលាមួយណាមកតិះដៀលឡើយ។
លុះពេលវេលាកន្លងផុតទៅបានមួយរយៈ ក៏មានលាកម្លោះមួយក្បាលមានគំនិតគិតឃើញផ្សេង ពីមិត្តភក្តិ គឺវាគិតថាទីកន្លែងដែលពួកវានៅអាស្រ័យនេះ គួរតែមានការបែងចែកព្រំដែនសម្រាប់ រកស៊ីរបស់លានីមួយៗ ទើបវាហៅលាទាំងអស់មកប្រជុំគ្នា ដើម្បីបែងទីកន្លែងរកស៊ីសម្រាប់លា នីមួយៗ ឲ្យបានច្បាស់លាស់។
ពេលបណ្តាពួកលាបានមកជុំគ្នា ព្រមទាំងបានដឹងគំនិតរបស់លាកម្លោះមួយនោះហើយ គំនិត របស់ពួកគេក៏ចាប់ផ្តើមបែកខ្ញែកគ្នាភ្លាម។ លាមួយពួកមិនយល់ស្របចំពោះការបែងចែកទីកន្លែង គ្នារស់នៅដូច្នេះទេ ព្រោះពួកគេយល់ឃើញថានោះគឺជាចំនុចចាប់ផ្តើមនៃអន្តរាយដែលនឹងកើត ឡើងចំពោះពួកលានាអនាគត។
តែមួយពួកទៀតបែរជាយល់ឃើញថាវាជារឿងល្អ គ្មានអ្វីត្រូវខូចខាតថែមទាំងធ្វើឲ្យលានីមួយៗ មានកន្លែងរកស៊ីយ៉ាងងាយស្រួល ដោយមិនបាច់កង្វល់ថានឹងមាននរណាមកដណ្តើមស្មៅពី ទីកន្លែងរបស់ខ្លួនទៀតផង លាពូកនេះទើបគាំទ្រឲ្យមានការបែងចែកទីកន្លែងរកស៊ីយ៉ាងពេញ ទំហឹង។
ពេលទីប្រជុំស្រង់មតិ ក៏ឃើញថាលាសម្លេងភាគច្រើនយល់ស្របឲ្យបែងចែកទីកន្លែងរកស៊ី បណ្តាពួកលាដែលមិនយល់ស្របទើបនាំគ្នាគេចចេញទៅនៅទីកន្លែងដទៃដែលមិនបាច់ បែងចែកទីកន្លែងរកស៊ី នៅសល់តែពួកលាដែលយល់ឃើញថាការបែងចែកទីកន្លែងជារឿងល្អ។
បណ្តាពួកលាដែលយល់ស្របតាមគំនិតរបស់លាកម្លោះនោះ បាននាំគ្នាចែកព្រំដែនដោយការ បន្ទោរបង់លាមក់របស់ខ្លួនដើម្បីបង្ហាញភាពជាម្ចាស់ និងមានកតិការួមគ្នាថា ហាមមិនឲ្យមានការ ល្មើសចំពោះលាដទៃ បើអ្នកណាបំពានបានឈ្មោះថាធ្វើខុសច្បាប់។
ក្រោយពីបានចែកព្រំដែនគ្នារួចហើយ ថ្មីៗ ពួកលាទាំងនោះក៏មានអារម្មណ៍រីករាយដែលអាចមាន ជីវិតសេរីភាពផ្ទាល់ខ្លួន ក្នុងការស៊ី ការដេកនិងការបន្ទោរបង់ឧច្ចារៈយ៉ាងសប្បាយចិត្ត ដោយមិន ចាំបាច់ក្រែងចិត្តលាដទៃ ហើយពេលបន្ទោរបង់លាមក់ ពួកលាទាំងនោះក៏ទៅបន្ទោរបង់តាម ព្រំដែនរបស់ខ្លួនដើម្បីឲ្យលាដទៃដឹងថានេះគឺជាដែនដីរបស់ខ្លួន។
លុះពេលវេលាកន្លងទៅយូរបន្តិច លាទាំងអស់ដែលធ្លាប់បែរមុខមកជជែកគ្នាក៏ចាប់ផ្តើមព្រងើយ កន្តើយដាក់គ្នាម្តងបន្តិចៗ។ លានីមួយៗ មិនចាប់អារម្មណ៍ខ្វល់ខ្វាយរឺព្រួយបារម្ភនឹងមិត្តភក្តិដូច ពីពេលមុនទៀតឡើយ ពួកវាមានអារម្មណ៍ដក់ជាប់នឹងទីកន្លែងមួយនេះមិនគិតចង់ប្តូរទៅកន្លែង ថ្មីឡើយ ព្រោះពួកវាគិតថាទីនេះជាកន្លែងផ្តល់សេរីភាពឲ្យពួកវា។
តែអ្វីៗ គ្រប់យ៉ាងតែងមានការផ្លាស់ប្តូរទៅតាមពេលវេលា ពេលរដូវរងាឈានចូលមកដល់ ស្មៅ ដែលធ្លាប់តែមានពណ៌បៃតងស្រស់ ជាអាហារដ៏មានឳជារសរបស់ពួកលាក៏ចាប់ផ្តើមក្រៀមស្វិត ហើយនឹងស្លាប់អស់ទៅនៅទីបំផុត។ ផ្ទៃដីនៃវាលស្មៅគ្របដណ្តប់ទៅដោយអាកាស់ដ៏ត្រជាក់ ស្រេប ព្រមទាំងមានភ្លៀងធ្លាក់សស្រិចរោយរាយចុះមកមិនដាច់ ជាហេតុធ្វើឲ្យអាកាស់ធាតុ ដែលត្រជាក់ស្រេចទៅហើយក៏កាន់តែត្រជាក់ខ្លាំងលើសដើម។
ចំណែកពួកលាដែលពេលនេះបានបែកខ្ញែកចិត្តគំនិតនឹងគ្នាទៅហើយនោះ ទោះបីមានអារម្មណ៍ ថាចង់ប្រឹក្សាជាមួយមិត្តភក្តិ ដែលនៅជិតៗ ខ្លួន តែពេលឃើញលាមក់ដែលខ្លួនបន្ទោរបង់ទុក ដើម្បីចែកព្រំដែនគ្នា ក៏គិតថានឹងបាក់មុខបាក់មាត់បើខ្លួនហាមាត់និយាយជាមួយមិត្តភក្តិមុន ទើបមិនហ៊ានចូលទៅប្រាស្រ័យនិយាយស្តីដើម្បីរកវិធីដោះស្រាយក្នុងរឿងស្មៅដែលចាប់ផ្តើម អស់ទៅនិងអាកាស់ដែលត្រជាក់ដល់ឆ្អឹងនោះ។
នៅទីបំផុត លានីមួយៗ ក៏បានត្រឹមតែដេកនៅនឹងកន្លែងរបស់ខ្លួន ព្រមទាំងប្រឈមមុខជាមួយ នឹងអាកាស់ធាតុត្រជាក់និងសេចក្តីស្រេកឃ្លានដែលចូលមករុករានរាល់ថ្ងៃជាហេតុធ្វើឲ្យលា ទាំងនោះចាប់ផ្តើមស្លាប់ម្តងមួយក្បាលៗ ព្រោះភាពរងាខ្លាំងនិងសេចក្តីស្រេកឃ្លានវាយប្រហារ។
ជ្រុងគំនិត
“សេចក្តីសាមគ្គី” ចាត់ទុកជាបេះដូងសំខាន់ក្នុងការរស់នៅជាមួយគ្នាហើយនឹងជាគន្លឹះនាំឲ្យកើត សេចក្តីសុខ ព្រោះសេចក្តីសាមគ្គីជួយផ្សាភ្ជាប់សេចក្តីស្រលាញ់ដែលមាននៅរួចហើយឲ្យកាន់តែ ស្អិតរមួតឡើងថែមទៀត។ បើសមាគមន៍ណាមានសាមគ្គីធម៌ជាទីតាំង រឺជាទីប្រយឹតប្រតោង ដើម្បីសាងរឿងល្អៗ ឲ្យកើតឡើង សេចក្តីសុខដុមរម្យនាទាំងឡាយ រមែងរីកស្គុះស្គាយ ហើយ គុណតម្លៃដែលល្អៗទាំងពួងក៏នឹងជាប់តាមមកជានិច្ចផងដែរ។
តែពេលណា សាមគ្គីផ្លាស់ប្តូរក្លាយទៅជាការបែកបាក់ នោះគឺសញ្ញានៃការឈានទៅរកជ្រោះ មរណៈ សេចក្តីសុខដែលធ្លាប់មានក៏ចាប់ផ្តើមសាបរលាប ហើយនៅទីបំផុតក៏ក្លាយទៅជា ភាពក្រៀមស្វិតស្រពោនគ្មានចិត្តថ្លើម សេចក្តីស្រលាញ់ដែលធ្លាប់មានក៏ក្លាយទៅជាអាត្មានិយម ឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យសមាគមន៍នោះៗ ក្លាយជាសង្គមដែលបាក់បែកមិនសម្បូរ បែប ជាហេតុធ្វើឲ្យចុងបញ្ចប់ជួបតែភាពឯកោដែលលាយឡំទៅដោយសេចក្តីទុក្ខវេទនាដ៏គួរ ឲ្យសង្វេគ។

No comments:

Post a Comment

Translate

ចូលចិត្តខ្ញុំ